ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

មេខ្លោង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​តុ​ប​វី​ដា​(​ឧកញ៉ា​តុ​ប​វី​ដា​)​ដឹក​និង​កាប់បំផ្លាញ​ព្រៃ​យ៉ាង​មហន្តរាយ​​ខណៈ​សមត្ថកិច្ច​មណ្ឌល​គិរី​កំពុង​តែ​ពុករលួយ​យក​លុយ​ពី​មេ​ឈ្មួញ​ដោយ​ថ្នូរ​មិន​បង្ក្រាប​បទល្មើស

ខេត្ត​មណ្ឌលគិរី​ ៖ ​តាម​ប្រភព​ពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី ឡើង​កក្រើក​ប្រជាពលរដ្ឋ​។ លើស​នេះ​ទៅ​ទៀត​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​នោះទេ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ តុ​ប វី​ដា (​ឧកញ៉ា តុ​ប វី​ដា​) ដែល​ជា​ឧត្តមសេនីយ៍​យោធា នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ តុ​ប វី​ដា នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។

​ជាមួយគ្នា​នេះ​មេ​ឈ្មួញ សឹង សំអុល ក៏​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ទេ​នោះ​គឺ​មេ​ឈ្មួញ តុ​ប វី​ដា មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ ប៉ោ សំអឿន និង​ឈ្មួញ​ដទៃ​ទៀត​មិន​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​បានឡើយ​។

​អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទើប​លោក សុង ឃាង និង​លោក អ៊ុំ វណ្ណ​សុភគ៌ ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទើប​មេ​ឈ្មួញ តុ​ប វី​ដា មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ​ដទៃទៀត​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តក្រចេះ​យ៉ាង​ពេញបន្ទុក​។​គួរ​បញ្ជាក់​ដែរ​ថា​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​នា​ព្រឹក​ថ្ងៃទី​១៤​មីនា​នៅ​ទីស្ដីការ​នៃ​ក្រសួង​បាន​ប្រកាស​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការយកចិត្តទុកដាក់​ការពារ​កុំឱ្យ​មាន​បទល្មើស​ព្រៃឈើ រួម​ទាំង​ការដាំ​ដើមឈើ​វិញ​ជាដើម ។ ការបង្ហាញ​ការយកចិត្តទុកដាក់​ចំពោះ​ការការពារ​ព្រៃឈើ​ដោយ​សម្តេច​ហ៊ុន​សែន​មិនមែន​ទើបតែ​ធ្វើឡើង​ជា​លើកទីមួយ​នោះទេ​។​

​សម្ដេច​ហ៊ុន​សែន​ក៏​អំពាវនាវ​ឱ្យ​មាន​ការរួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ជលផល​តាម​គ្រប់​រូបភាព​។​សម្ដេច​ក៏​ជំរុញ​ឱ្យ​មាន​ការបន្ត​បោះបង្គោល​ព្រំដែន​ព្រៃឈើ​និង​ព្រៃ​លិច​ទឹក​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​ដី​ព្រៃឈើ និង​ដី​ព្រៃ​លិច​ទឹក​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្តេច​ក៏​ថ្លែង​ឱ្យមាន​ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ​និង​ច្បាប់​ស្តីពី​ជលផល​តាម​បរិការណ៍​នៃ​ការកែទម្រង់​បច្ចុប្បន្ន​ផងដែរ ។ ជាង​នេះ​ក៏​ត្រូវ​មាន​ការពង្រីក​ស​ហគ​មន៍ ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម​និង​ការ​ចិញ្ចឹមសត្វ ។​

​សម្តេច​ក៏​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោយ​ធ្វើយ៉ាងណា ត្រូវ​ជម្រុញ​ការដាំដុះ​ព្រៃឈើ​ឡើងវិញ នៅលើ​ដី​ព្រៃ​រេ​ចរិល ដីព្រៃ​រង​ការធ្វើឤជីវក​ម្ម និង​ដី​ទំនេរ​របស់​រដ្ឋ​ជាដើម​។

​តាមរយៈ​ការសហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​បង្កើន​ការ​បណ្តុះ​កូនឈើ គ្រប់​ប្រភេទ​នៅ តាម​ស្ថានីយ៏​សម្រាប់​ចែកចាយ​ជូន​ប្រជាជន ។ ជាងនេះទៅទៀត​សម្ដេច​ហ៊ុន សែន​ក៏ ធ្លាប់បាន​ប្រកាសថា​ក្រោម​ការដឹកនាំ​របស់​ខ្លួន​សម្ដេច​នឹង​ធ្វើ​យ៉ាងណា​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​។​សម្ដេច​ធ្លាប់​ប្រកាស​ថា​និង​យក​យន្តហោះ​បាញ់រះ​ទៅលើ​អ្នក​ទាំងឡាយ​ណា​ដែល​កាប់បំផ្លាញ​ព្រៃឈើ​ថែមទៀត​ផង ៕

 

tyn190316a1 tyn190316a2 tyn190316a3 tyn190316a4

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.