ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឃាត់​ខ្លួន​ប៉ូលិស​2​នាក់ ជនដៃដល់​ជា​ប៉ូលិស​និង​ជា​កូន​លោក​ឧកញ៉ា ជឹម សុខ កំពុង​គេចខ្លួន​ពី​ការតាមប្រមាញ់ នៅ​ភ្នំពេញ

ភ្នំពេញ ៖  នា​រាត្រី​ថ្ងៃទី​២៤​ខែ​មីនា ឆ្នាំ​២០១៩​នេះ ករណី​កូន​លោក​ឧកញ៉ា​ជឹម សុខ​និង​ក្មួយ​ដេញ​ស្ទាក់​បាញ់សម្លាប់​បុរស​ជា​ជនសង្ស័យ​ម្នាក់​យ៉ាង​សាហាវ​និង​ម្នាក់​ទៀត​របួស​នៅ​ស្រុក​បាភ្នំ​នោះ​ពេលនេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ប៉ូលិស​ចំនួន​ពីរ​នាក់​ហើយ ក្នុងពេល​ដែល​ជនដៃដល់​ជា​ប៉ូលិស​និង​ជា​កូន​លោក​ឧកញ៉ា ជឹម សុខ កំពុង​គេចខ្លួន​ពី​ការតាមប្រមាញ់​។​

ប៉ូលិស​ពីរ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​ជឹម សាវិន ជា​មន្ត្រី​នគរបាល​នៅ​ស្រុក​ព្រះស្ដេច​ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម សុខ​និង​ម្នាក់ទៀត​ឈ្មោះ​ជា​ឡា​ឌី​ន​។ ចំណែក​ឈ្មោះ​ជឹម រតនៈ អធិការរង​ស្រុក​ព្រះស្តេច​ទទួល​ផែន​អន្តោប្រវេសន៍​និង​ត្រូវជា​កូន​ប្រុស​លោក​ឧកញ៉ា​ជឹម​សុខ​បាន​ដឹងខ្លួន​មុន​កំពុង​គេចខ្លួន​។​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ស្វែងរក​ចាប់​ជនដៃដល់​។​

​រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣​មីនា​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​មាន​ករណី​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជន​រងគ្រោះ​ព្រោះ​ច្រឡំ​ថា​ជា​ចោរ​លួច​រថយន្ត​ទាំង​ជនរងគ្រោះ​គ្មាន​អាវុធ​ក្នុង​ដៃ​។​

​ជនរងគ្រោះ ទិញ​រថយន្ត​បង់លុយ​មិន​ទាន់​គ្រប់ ហើយ​ម្ចាស់​ដើម បាន​យក​រថយន្ត​នោះ​ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​។​ធ្វើឲ្យ​អ្នក​ទិ​ញខឹង​បាន​ស្កាត់​ទៅ​យក​រថយន្ត​ពី​ជនជាតិ​ចិន​ដែល​ជួល​រួច​បើក គេច​មក​ស្រុក​កំណើត ។ ស្រាប់តែ​ម្ចាស់​ដើម ស្រាវជ្រាវ​តាម​GPS​ដេញ​ពីក្រោយ​និង​ប្ដឹង​សមត្ថកិច្ច​ថា​ចោរ​ទើប​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​អ្នក​ទិញ​រថយន្ត​តែ​ម្ដង ព្រោះ​ស្មានថា ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​

​ជនរងគ្រោះ​ដល់​ជីវិត​ក្នុង​សកម្មភាព​រង​ការបាញ់ប្រហារ​មិន​ញញើត​ដៃ​និង​អះអាងថា ជា​ជនជាប់សង្ស័យ​នោះ​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។ បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​អ្នករួមដំណើរ​ជាមួយ​ជនសង្ស័យ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​រងរបួស និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ម្ដាយ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​បាញ់​ស្លាប់ បាន​អះអាង​ថា កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ដោយ​បង់​រំលស់ នៅ​ខ្វះ​លុយ ៣.០០០​ដុល្លារ​ទៀត​។​

​ម្ចាស់​ដើម​នៃ​រថយន្ត​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។ លោក សុ​ឌី​បាន​ជួល​រថយន្ត​នោះ ឲ្យទៅ​ជនជាតិ​ចិន សម្រាប់​ជិះ​។​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន​ទើប​ខ្លួន​ស្កាត់​ទៅ​យក​រថយន្ត​នោះ​ពី​ជនជាតិ​ចិន​រួច​បើក​ពី​ភ្នំពេញ រត់គេច​មក ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។​

​ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុ​ឌី គិត​ថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិន​ទាន់​គ្រប់​ផង ហើយ​ទៅ​យក​រថយន្ត ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត​និង​មានបំណង​គេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម​GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ថា​ចោរលួច​រថយន្ត​របស់​ខ្លួន​។​

​ទន្ទឹមនេះ ប៉េអឹម​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​ចាប់​ពី​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ កាច់​តាម​ផ្សារ​អ្នក​លឿង បត់​ចូល​មក​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះ​ទៅ​ទី​រួម​ខេត្តព្រៃវែង​។​លុះ​មក​ដល់​កន្លែង​ផ្លូវ​បត់​ទៅ​ផ្សារ ស្នេហ៍​ស្រុក​បាភ្នំ រថយន្ត​នោះ​បាន​បើក​បត់​សំដៅ​ទៅ​ស្រុក​បាភ្នំ​។​ខណៈ​សមត្ថកិច្ច ប៉េអឹម​តាម​ពីក្រោយ​បាន​ទាក់ទង​ទៅ នគរបាល​ប៉ុស្តិ៍​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ។ បន្ទាប់មក​ប៉ូលិស​ដែល​គ្នា​បី​បួន​នាក់ បើករថយន្ត​ចេញ​មក​ស្ទាក់ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ជា​កន្លែងកើតហេតុ​។​ពេល​ជនរងគ្រោះ បើក​រថយន្ត​មិន​ឈប់ និង​គេច ទើប​ឈ្មោះ ជឹម រតនៈ ប្រធាន​ផ្នែក​អន្តោប្រវេសន៍​ស្រុក​ព្រះស្ដេច ត្រូវជា​កូន​លោក​ឧកញ៉ា ជឹម សុខ និង​ឈ្មោះ ជឹម សាវិន ជា​មន្ត្រី​នគរបាល​នៅ​ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម សុខ បាន​ដក​កាំភ្លើង​សម្រុក​បាញ់​ស្រោច​ទៅលើ​ជនរងគ្រោះ គ្មាន​ប្រណី​ដៃ​បើ​ទោះបីជា​ជនរងគ្រោះ​បាន​លើកដៃ​សំពះ​ក៏​នៅតែ​បាញ់​មិន​ឈប់ បណ្ដាលឲ្យ​ឈ្មោះ​ម៉ន​រ៉ាវុធ​អ្នកទិញរថយន្ត​និង​ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​។​កាំភ្លើង​ដែល​បាញ់​ម៉ា​កឡុក​។​ដោយឡែក​អ្នករួមដំណើរ​ឈ្មោះ ឈ្មោះ វ៉ាន ខេមរិន បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​មក​សួរនាំ​។​

​មតិ​ខ្លះ​បាន​លើកឡើង​ថា ចំណាត់ការ​ចំពោះ​ប៉ូលិស​ដែល​បាញ់​សម្លាប់​មនុស្ស​ដូច​សត្វ​នេះ​ហាក់ ដូចជា​យឺតយ៉ាវ​ដែល​ជា​ហេតុ​ទុកឲ្យ​ជនដៃដល់​គេចខ្លួនបាន​។ ប៉ុន្តែ​គេ​ជឿជាក់​លើ​សមត្ថកិច្ច​ដែល​កំពុង​ប្រមាញ់​រក​ជនដៃដល់​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​សំណុំរឿង​មួយ​នេះ ៕

ty190325a1 ty190325a2 ty190325a3 ty190325a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.