ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ផឹក​ចំ​ស្រា​បាញ់​

(​ភ្នំពេញ​) បុរស​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ដេញ​បាញ់​សំដៅ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៥​គ្រាប់ ក្បែរ​អធិការ​ខណ្ឌ​ច្បារអំពៅ​ផ្អើល សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​។

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​នៅវេលា​ម៉ោង​១​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៦៣ ស្ថិត​នៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារអំពៅ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ភូរិ​ស្ស ស្តូ​រ៉ាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជន​បង្ក ឈ្មោះ ដួង ណា​គ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​សម្ដី​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​រូប​គាត់ និង​ប្រពន្ធ ទើប​មក​ពី​ហូប​អី​នៅ​ម្តុំ​ផ្សារ​ដើម​គរ បន្ទាប់ពី​ហូប​អី រួច​ពួក​គាត់​បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-4448 ចេញពី​កន្លែង​ហូប​អី លុះ​មកដល់ ចំណុច​មុខ​មជ្ឈមណ្ឌល​រ៉ក់ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក LEXUS RX350 ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-5153 បាន បើក​មក​ពី​ក្រោយ​ហើយ​ស៊ី​ផ្លេរ​រថយន្ត​រហូត​ដល់​ហួស​មុខ​មជ្ឈមណ្ឌល​រ៉ក់​។ រថយន្ត​ជនរងគ្រោះ​បាន​ឈប់ ហើយ​ចុះ​លើ​រថយន្ត​សួរ​ទៅ​អ្នកបើករថយន្ត LEXUS RX350 ថា «​មាន​បញ្ហា​អ្វី ហេតុ​អី​បាន​ដេញ​តាម​ស៊ី​ផ្លេរ​រថយន្ត​របស់​ខ្ញុំ​រហូ​តចឹង​?» ហើយ​ភ្លាមៗ​នោះ​បុរស​ដែលជា អ្នកបើក​រថយន្ត​ស៊ី​ផ្លេរ ដោយ​សភាព​ស្រវឹងស្រា​ជោគជាំ​បាន​ចុះមក និង​បាន​ដក​កាំភ្លើងខ្លី​មួ​យ​ដើម​តែ​ភ្លាមៗ​នោះ ក៏​ត្រូវ​អ្នករួមដំណើរ​ជាមួយ ដក​កាំភ្លើង​ទុក​វិញ​រួច​បាន​និយាយ​ទៅកាន់​ជនរងគ្រោះ​ថា «​អា​អូន​ឯង​ជា​អី​គេ ហើយ​អា​អូន​ឯង​ទៅ​ដេក​អត់​?»​។ ភ្លាមៗ​នោះ​ជនរងគ្រោះ បាន​និយាយ​តប​វិញ​ថា «​រឿង​របស់​ខ្ញុំ​មាន​ពាក់ព័ន្ធ​អី​ជាមួយ​បង​ឯង​»​។ ពេលនោះ​ស្រាប់តែ​ជន​បង្ក​បាន​ប្រាប់​វិញ​ថា «​អើ​! បើ​ហែង​ទៅ​ដេក ក៏​ទៅ​ដេក​ទៅ​»​។ ជនរងគ្រោះ​បាន​ដឹក​ដៃ​ប្រពន្ធ​ឡើង​ជិះ​រថយន្ត​ចេញទៅ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ខណ្ឌ​ចំការមន​។ ខណៈពេល​ដែល​កំពុងតែ​ធ្វើ ដំណើ​រសុខៗ​ស្រាប់តែ​ជន​បង្ក​បាន​បើករថយន្ត​ដេញ តាម​រហូត​មក​ដោយ​បើករថយន្ត​ប្រដេញ​តាម​កាក់​ជាច្រើន​ដង ក៏​ជនរងគ្រោះ​បាន​ឈប់ រថយន្ត​ភ្លាមៗ​នោះ​ជន​បង្ក​បាន​ស្រែកហៅ​ជនរងគ្រោះ​ឲ្យទៅ​ខណ្ឌ​ច្បារអំពៅ​ទាំងអស់គ្នា ហើយ​ជនរងគ្រោះ​ក៏​មិន​ប្រកែក​នោះទេ ថែមទាំង ព្រម​បើករថយន្ត​ទៅ​ជាមួយ​គ្នា​ទៀត​។​

​ខណៈពេល​ដែល​បើក​រថយន្ត​ដល់​ចំណុច​ជំ​ហៀ​ង​អធិការ​ខណ្ឌ​ច្បារអំពៅ ស្រាប់តែ​ជន​បង្ក​បាន​បើក​រថយន្ត​កាក់​ពីមុខ​រថយន្ត​ជនរងគ្រោះ ហើយ​បាន​ចុះ​ពី​រថយន្ដ​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម រួច​ធ្វើ​សកម្មភាព​បាញ់​ទៅលើ​រថយន្ត​ជនរងគ្រោះ​ចំនួន​៥​គ្រាប់ បណ្ដាលឲ្យ​បែក​កញ្ចក់​រថយន្ត​ខាងក្រោយ​។ ចំណែកឯ​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​សន្លប់​បាត់ស្មារតី ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព បាញ់​រួច​ជន​បង្ក​បាន​បើករថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ​រត់គេច​ទៅ​បាត់​តែ​ម្ដង​។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​លេចមុខ​ជន​បង្ក​បាន​បើក រថយន្ត​មក​ឈប់​ពីមុខ​អធិការ​ខណ្ឌ​ច្បារអំពៅ ភ្លាមៗ​នោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន យក​ចូល​អធិការ​ខណ្ឌ​តែម្ដង​។​

​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​អធិការ​ខណ្ឌ​ច្បារអំពៅ ធ្វើការ​ឃាត់ខ្លួន ដើម្បី​យក​មក​សួរនាំ និង​ចាត់វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.