ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឈ្មួញ​នៅ​តែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា ចូលមកក្នុង​ខេត្ត​ព្រះវិហារ ដឹក​ជញ្ជួន​ទៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ យ៉ាង​រលូន​

(​ខេត្ត​ព្រះវិហារ ) នៅ​ថ្ងៃ​ទី​០៩/០៦/២០១៩ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បទបញ្ជា​របស់​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ឡើយ​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មួយចំនួន​បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ និង​ស្រុក​រវៀង ជាដើម​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​។​

​ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​បណ្ដា​ស្រុក​ទាំង​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នួន សុខុម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា ចូលមកក្នុង​ខេត្តព្រះវិហារ​ដឹក​ជញ្ជួន​ទៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ យ៉ាង​រលូន​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ​។​

​ដូច្នេះហើយ​ទើប​ឈ្មួញ​ជាច្រើន​នាក់​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​កំពង់ធំ​និង​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់ធំ ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និង​ជា​ប្រភព​ចំណូល​របស់​ខ្លួន​។​

​ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​ដូចជា ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន ហៅ​ចែ​អូន នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ យ៉ាង​ពេញបន្ទុក​។​

​តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន អាច​បន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ យ៉ាង​គឃ្លើន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អូន បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រាល ដា​ល គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ផងដែរ​។​

​ដូច្នេះ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ នោះទេ​៕

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.