ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក​អភិបាលខេត្ត​ព្រះសីហនុ​បញ្ជា​អោយ​ចាប់​គ្រឿងចក្រ​ដែល​មាន​បញ្ហា​ជាមួយ​ដី​ប្រជាជន

​ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះទៅ​ចាប់​គ្រឿងចក្រ​ដែល​កំពុង​ឈូសឆាយ​ប៉ះពាល់​ផ្ទៃដី​ប្រជាពលរដ្ឋ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ យក​មក​រក្សាទុក​បណ្តោះ​អាសន្ន រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​គ្រោយ​។​

​ប្រជាពលរដ្ឋ​ឈ្មោះ លី សួរ និង ខូ​យ ង៉ូវ​ខេង តំណាងឲ្យ​១០​គ្រួសារ បានដឹងថា ដី​ដែល​ត្រូវ​គេ​ឈូស​ឆាយ​ប្លន់​នោះ ពួកគាត់​បាន​ទិញ និង​កាន់កាប់​តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ ដោយ​មាន​ទំហំ​៤​ហិកតារ ដោយ​មាន​ការដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ឯកសារ​ត្រឹមត្រូវ​។​ក្រោយពី​គាត់​បាន​ទិញ​ដី​នោះ និង​នាំគ្នា​ធ្វើ​របង ដើម្បី​ដាំ​ដំណាំ ចិញ្ចឹមសត្វ និង​ធ្វើ​ផ្ទះ​រស់នៅ ស្រាប់តែ​ស្ត្រី​ឈ្មោះ​ហ៊ឹម សុ​វណ្ណា​រី យក​គ្រឿងចក្រ​កាយ​ព័ទ្ធ វាយ​កម្ទេច​របង​របស់​ពួកគាត់ ធ្វើឲ្យ​គាត់​កើតទុក្ខ​មិន​សុខចិត្ត បាន​នាំគ្នា​ធ្វើ​ការតវ៉ា និង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​តែម្តង​។​

​លោក​គួច ចំរើន បានឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ក្រោយ​មាន​ករណី​នេះ​កើតឡើង លោក​បាន​បញ្ជា​ឲ្យ​អភិបាលស្រុក ស្នងការ​នគរបាល និង​មេបញ្ជាការ​អាវុធហត្ថ បញ្ជូន​កម្លាំង​ចុះ​ទៅ​អន្ដរាគមន៍​ភ្លាមៗ ដោយ​ធ្វើ​ការទប់ស្កាត់​គ្រឿងចក្រ​ជា​បណ្ដោះអាសន្ន ជៀសវាង​ផ្ទុះ​អំពើហិង្សា​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ ហើយ​តម្រូវឲ្យ​ភាគី​ទាំង​២​យក​ឯកសារ​រៀងៗ​ខ្លួន មក​ដាក់​លើ​តុ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ តើ​នរណា​ជា​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ និង​នរណា​រំលោភបំពាន​នរណា ទើប​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជា​ក្រោយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.