ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ព្រឹទ្ធសភា នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បន្ត​សម័យប្រជុំ​លើក​ទី​៣ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន ៥

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​មាន​សមាជិក សមាជិកា​ព្រឹទ្ធសភា ចូលរួម​ចំនួន ៥៣​រូប ។

​របៀបវារៈ​នៃ​សម័យប្រជុំ​មាន ៖
១- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនអេស​ភី​អេច​ភី​(​ខេ​ម​បូឌា​)​ឯ​.​ក​។​
២- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនស្នេ​ថេក រី​ញូ​វេ​ប៊​ល ឯ​.​ក​។​
៣- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនស្នេ​ថេក ខូ អិល​ធី​ឌី​។​
៤- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់ ការ​នេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។​
៥- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​។​

​តំណាង​រាជរដ្ឋាភិបាល​អញ្ជើញ​ចូលរួម​បំភ្លឺ សេចក្តីព្រាង​ច្បាប់​ខាងលើ​រួមមាន ៖
១. ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អម​ដោយ​ថ្នាក់​ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ចំនួន ១៣​រូប​។​
២. ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អម​ដោយ​ថ្នាក់​ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ចំនួន ០៩​រូប​។​
៣. ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ផែនការ ព្រមទាំង​សហការី​ចំនួន ០៨​រូប​។​

​អង្គ​ព្រឹទ្ធសភា បាន​ស្ដាប់​របាយការណ៍​របស់ ឯកឧត្តម គង់ សារាជ ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរ​ស៊ី​វី​ល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ដី​ពី​ការពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ក្នុង​របៀបវារៈ​ទី​១ ទី​២ និង​ទី​៣ និង​ស្តាប់​របាយការណ៍​របស់ ឯកឧត្តម ចាន់ ណា​រ៉េត ប្រធានស្តីទី គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឃន៍​ជនបទ និង​បរិស្ថាន ស្តី​ពី​ការពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ក្នុង​របៀបវារៈ​ទី​៤ និង​ទី​៥ ។​

​អង្គ​ព្រឹទ្ធសភា ក៏​បាន​ស្ដាប់​មតិ​ពិភាក្សា​ផ្តល់​យោបល់​របស់​សមាជិក សមាជិកា​ព្រឹទ្ធសភា ដែល​បាន​លើកឡើង​ពី​ការឯកភាព គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់ និង​សំណូមពរ អនុសាសន៍​ជូន​តំណាង​រាជរដ្ឋាភិបាល និង​បាន​ស្ដាប់​ពី​ការបំភ្លឺ​របស់​តំណាង​រាជរដ្ឋាភិបាល​ចំពោះ​សេចក្តីព្រាងច្បាប់​ទាំង​៥​ខាង​លើ​ផង​ដែរ​។​

​ជា​លទ្ធផល​រួម អង្គ​ព្រឹទ្ធសភា បាន​អនុម័ត​លើ​ខ្លឹមសារ​ទាំងមូល​នៃ​សេចក្តីព្រាងច្បាប់​ទាំង​៥​ខាងលើ ដោយ​យល់ព្រម​ឥត​កែប្រែ និង​ចាត់ទុក​ជា​ការប្រញាប់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.