ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី ធ្វើឱ្យ ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០១​រោច​ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​១៧ ខែកក្កដា​ឆ្នាំ​២០១៩!

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដ៏​កក្រើក​នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​ធ្វើឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​៣​រូប​នៅ​ក្នុង​ខេត្ត​នេះ​រត់​គេចខ្លួន បន្ទាប់ពី​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការបើក​ដៃ​ឱ្យ​ក្រុម​ជ្មួញ​ប្រព្រឹត្ត​បទល្មើស​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប ដែល​កំពុង​រត់​គេច​ខ្លួន​នេះ​រួមមាន​:
– លោក លឿង ភិរុណ អាយុ ៥៥​ឆ្នាំ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម​-​ណង​ឃី​លឹក មាន​ទីលំនៅ​ក្នុង​ភូមិ​ដំណាំ​កិន ឃុំ​ដើម​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

– លោក ហ៊ុន វណ្ណេ អាយុ ៥០​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រឈើ​រយ៉ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​

– និង​លោក គង់ វិរៈ អាយុ ៤៦​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មាន​ទីលំនៅ​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូបនេះ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក៏​ត្រូវបាន​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ពួកគេ​បង្ហាញ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ផង​ដែរ​។​

​ការ​ឱ្យ​ចូល​ខ្លួន​នេះ ដើម្បី​សាកសួរ​ទៅ​លើ​ករណី​មួយ​ចំនួន​មានដូចជា​:
– ផ្តល់​ការអនុញ្ញាត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​
– អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​
– មិន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់ពេលវេលា​។​
– ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការបំពេញ​ភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ជា​លាយលក្ខណ៍អក្សរ​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។​

​ដីកា​បញ្ជា​របស់​លោក ហៀ​ង សុ​ភក្ត្រ ក៏​បើកផ្លូវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប​នេះ​ផង​ដែរ ប្រសិនបើ​ប្រទះឃើញ​រូបគេ​នៅទីណា​នោះ​។​សូមបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ក្រៅពី​ការចាប់ខ្លួន​លោក ស៉ឹង សំអុល មេ​ឈ្មួញ​ឈើ និង​បក្ខពួក​៣​នាក់​ទៅ​។​

​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ក៏​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​អ្នក​រកស៊ី​ឈើ​៤​នាក់​ផ្សេង​ទៀត​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​ផង​ដែរ​។​
​អ្នក​រកស៊ី​ឈើ​ទាំង​៤​នាក់​ដែល​កំពុង​គេច​ខ្លួន​ដែរ​នោះ​រួមមាន​:
– ឈ្មោះ សុង វិន​ចាង (Song Wenzhang) អាយុ ៦៨​ឆ្នាំ មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដាច់​វូដ​
– ឈ្មោះ ចាង វិន​តាវ (Wentao Zhang) នាយក​ក្រុមហ៊ុន​យ៉ាន​ចាវ​
– លោក ណេង ម៉ៅ អាយុ ៥០​ឆ្នាំ តួនាទី​ជា​អ្នកចាត់ចែង​ការប្រមូល​ឈើ​របស់​ក្រុមហ៊ុន «​ម៉ា​ស្ទ័រ​ខេ​សាន់​» មាន​ទីលំនៅ​ក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ
– និង​លោក លោក សាំង សុខុន អាយុ ២៧​ឆ្នាំ ជា​អ្នក​ចាត់ចែង​របស់​ក្រុមហ៊ុន «​ម៉ា​ស្ទ័រ​ខេ​សាន់​» មាន​ទីលំនៅ​ក្នុងភូមិ​កោះ​សំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.