ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

កម្លាំង​នគរបាល ចាប់​បាន​មេក្លោង​ជួញដូរ​ចំនួន ០២​នាក់ ជា​ជនជាតិ​ថៃ ព្រមទាំង​រឹបអូស​ថ្នាំញៀន​បាន​ជិត ០៨​គីឡូក្រាម

ឧត្តរមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន «​ក​៩» ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ថៃ​មក​កម្ពុជា (​ឆ្លងកាត់​តាម​ច្រកព្រំដែន​អូ​ស្មាច់​) ចាប់​បាន​មេក្លោង​ជួញដូរ​ចំនួន ០២​នាក់ ជា​ជនជាតិ​ថៃ ព្រមទាំង​រឹបអូស​ថ្នាំញៀន​បាន​ជិត ០៨​គីឡូក្រាម នៅ​ចំណុច ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ទាំង ០២​នាក់ ដែល​ឃាត់​បាន រួមមាន ៖ ទី​១-​ឈ្មោះ ប្រាក់ ស៊ុប ជនជាតិ​ថៃ អាយុ ៣៤​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ប្រាសាទ ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ និង​ទី​២-​ឈ្មោះ ណាត ថា​ភុន អាយុ ៤២​ឆ្នាំ ជនជាតិ​ថៃ មុខរបរ ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ប្រាសាទ ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​ជា​សារធាតុ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE) ចំនួន ០៨​ដុំ ធំ ស្មើ​នឹង​ទម្ងន់ ៧.៩៧៩,៥៦​ក្រាម និង​រថយន្ត ០១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​កសាង​សំណុំរឿង បន្ត​ទៅ​តុលាការ​តាម​នីតិវិធី ៕

 

Filed in: គ្រឿងញៀន, សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2021 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.