ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក ឈឹម ផល​វរុណ បញ្ជាក់ថា ៖ មាន​ក្រុម​មន្ត្រី​ទុច្ចរិត​បាន​យក​លុយ​រហូតដល់​រាប់សែន​ឬ​ដល់​លាន​ដុល្លា​ចង់​សូក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង ផ្ដល់យោបល់ ដើម្បី​បិតបាំង​រឿង​កំហុស​របស់​ខ្លួន​

ភ្នំពេញ ៖ នា​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បាន​បង្ហើប​ឱ្យដឹងថា មាន​ជន​មានអំណាច និង​ជន​ទុច្ចរិត​មួយ​ចំនួន បាន​ប្រើ​ឥទ្ធិពល​ទឹកប្រាក់​របស់​ពួកគេ​រហូត​ដល់​ទៅ​រាប់សិប​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ឱ្យ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក៏ដូចជា​សមាជិក​ធ្វើ​ជា​ថ្នូរ​បិទបាំង ឬ​កែខៃ​រឿង​ទុច្ចរិត​របស់​ពួកគេ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិនទាន់​មាន​នរណា​ហ៊ាន​ប្រព្រឹត្តិ​ទង្វើ​បែបនេះ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ទាំង​ជាប់ និង​មិន​ជាប់​ឆ្នោត​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ចំនួន​១៦​គណបក្ស ត្រូវបាន​បង្កើតឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨​។ យន្តការ​នេះ​បានធ្វើឱ្យ​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត បាន​ចូលរួម​បំពេញការងារ​ក្នុង​សង្គម​បម្រើ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។ ក្រោយ​បង្កើតឡើង​ជា​ធរមាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បានធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​ការស្វែងរក​នូវ​រឿងរ៉ាវ​អយុត្តិធម៌ និង​សកម្មភាព​ទុច្ចរិត​នៅក្នុង​សង្គម​។​

​ដោយសារតែ​មាន​ដាវ​អាជ្ញាសឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ឱ្យ​រាយការណ៍​ដោយផ្ទាល់​នូវ​រឿងរ៉ាវ​អសកម្ម រឿងរ៉ាវ​អយុត្តិធម៌ និង​រឿងរ៉ាវ​ទុច្ចរិត​ក្នុងសង្គម​នោះ មាន​រឿងរ៉ាវ​អយុត្តិធម៌​ក្នុង​សង្គម​ពាក់ព័ន្ធ​អ្នកមានអំណាច អ្នក​មាន​ឥទ្ធិពល​ជាច្រើន​ករណី​ត្រូវបាន​បំបែក​តាមរយៈ​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​។​

​លោក ឈឹម ផល​វរុណ បាន​ថ្លែង​ប្រាប់​អ្នកព័ត៌មាន​ក្រោយពេល​បិទ​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ថា មាន​ជន​ទុច្ចរិត​មួយ​ចំនួន បាន​ប្រើ​អំណាច​លុយ​របស់​ពួកគេ ដើម្បី​ស្វះស្វែង​រក​ការអន្តរាគមន៍​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ឬ​សមាជិក​ឱ្យ​បិទ​បាំង ឬ កែខៃ​រឿង​ទុច្ចរិត​របស់​ពួកគេ​។​

​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មិន​អត់​ទេ​ជន​មាន​អំណាច ជន​ដែល​ប្រើ​លុយ​ទុច្ចរិត គេ​មិន​ខ្លាច​បង់​លុយ​ទិញ​ប្រតិភូ​គណបក្ស ឬ​មន្ត្រី​លេខាធិការដ្ឋាន ដែល​យើងទាំងអស់គ្នា​ចាត់ទុកជា​អំពើ​។ បើ​យើង​ហ៊ាន​តែ​យក គឺ​យើង​ត្រូវ​អំពើ​គេ​ហើយ​»​។​

​លោក​បាន​បន្ថែមទៀតថា «​មិន​អត់​ទេ អ្នកមាន​លុយ​ហ៊ាន​សូក​។ ខ្ញុំ​និយាយ​មែនទែន មិនមែន​រាប់សិប​ម៉ឺន​ទេ ដើម្បី​បង្ក​ករឿង​ហ្នឹង ដើម្បី​ផ្អាក​រឿង​ហ្នឹង ឬ​ដើម្បី​ឱ្យ​កែច្នៃ​រឿង​ហ្នឹង​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ​ជា​មោទនភាព​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពុំទាន់​មាន​នរណា​ត្រូវ​អំពើ​របស់​គេ​ទេ​»​។​

​ឆ្លើយតប​នឹង​សំណួរ​ថា តើ​ទៅ​ថ្ងៃមុខ​ឧត្តម​ក្រុមប្រឹក្សាអាចនឹ​ង​ទទួលយក​លុយ​ជន​ទុច្ចរិត ដើម្បី​បិទបាំង​ទង្វើ​ទុច្ចរិត រឿង​អយុត្តិធម៌​ក្នុង​សង្គម​ដែរ​ឬ​យ៉ាងណា​នោះ​? លោក ឈឹម ផល​វរុណ បាន​គូសបញ្ជាក់ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាជិក​មកពី​គណបក្ស​នយោបាយ​រហូត​ដល់​ទៅ​១៦​គណបក្ស ដូច្នេះ​មិន​អាច​មាន​ការប្រព្រឹត្ត​ទង្វើ​ទទួល​លុយ ដើម្បី​បិទបាំង​រឿង​អយុត្តិធម៌ ឬ​រឿង​ទុច្ចរិត​បាន​នោះឡើយ​។​

​លោក ឈឹម ផល​វរុណ ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា ព្រោះ​តែ​ការពារ​នូវ​ភាពត្រឹមត្រូវ និង​ភាព​ស្អាតស្អំ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នោះ រាល់​ពេល​ចុះ​បំពេញ​បេសកកម្ម​ការងា​រ​របស់​ខ្លួន​នា​ពេល​កន្លង​ទៅ សូម្បី​តែ​មន្ត្រី ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ក្តីក្តាំ​អញ្ជើញ​ហូបបាយ ក៏​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​ប្រកែក​ដែរ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បានឱ្យដឹងថា ក្នុង​រយៈពេល​១៦​ខែ​នៃ​បេសកកម្ម​របស់​ខ្លួន បាន​ចុះ​បំពេញបេសកកម្ម​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​ជាង ៤០០​លើក និង​បាន​ធ្វើ​របាយការណ៍​អម​ដោយ​ភស្តុតាង​លើ​បញ្ហា​នានា​ដែល​ខ្លួន​ប្រមូល​បាន​ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន ជិត ២០០​ករណី​។ ក្នុង​របាយការណ៍​ជិត​២០០​នេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទទួល​បានកា​រ​ឆ្លើយតប​ត្រឡប់​មក​វិញ​របស់​ស​ម្តេច​តេជោ​ចំនួន​៣២​។​

​សម្តេច​តេជោ ហ៊ុន សែន ក្នុងពេល​អញ្ជើញ​បិទ​សន្និបាត​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នៅថ្ងៃនេះ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​ក្នុងការ​ធ្វើ​កំណែទម្រង់សង្គម ព្រមទាំង​រក​ការពិត​លើ​រឿងរ៉ាវ​មិន​ប្រក្រតី​ក្នុងសង្គម​។ សម្តេច​តេជោ បាន​ធ្វើ​ការកត់សម្គាល់​ថា រឿងរ៉ាវ​ខ្លះ​បើ​គ្មាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទេនោះ របាយការណ៍​នឹងមិន​ធ្លាក់​ដល់ដៃ​សម្តេច​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​ទាំងអស់ បន្ត​ប្រឹងប្រែង​ធ្វើ​សកម្មភាព ដើម្បី​ចូលរួម​កែលំអរ​សង្គម លុបបំបាត់​ទង្វើ​ទុច្ចរិត និង​ភាព​អសកម្ម​ទាំងឡាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.