ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

សម្ដេច តេ​ជោ ហ៊ុន សែន កោតសរសើរ​របៀប​ធ្វើការ​របស់​ឧត្តម​ក្រុមប្រឹក្សាថា មាន​ភាព​ល្អប្រសើរ​ជាង​បក្សប្រឆាំង​

សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​របៀបរបប​នៃ​ការធ្វើការ របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​ល្អប្រសើរ ជាង​សមាជិក​សភា​របស់​ក្រុម​គណបក្សប្រឆាំង​នា​អាណត្តិ​កន្លង​ទៅ​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើ​ទោះបី​មិន​មាន​ពហុបក្ស​នៅក្នុង​សភា តែ​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​រួមចំណែក​យ៉ាងច្រើន ក្នុង​ការបម្រើ​សង្គម​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​ក្នុងឱកាស​បិទ​សន្និបាត​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​បើ​និយាយ​អំពី​ប្រសិទ្ធភាព និង​កិច្ចការ​ផ្ទាល់​ដែល​ឯកឧត្តម លោកជំទាវ បាន​ធ្វើ​ដោយ​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល គឺ​វា​ខុស​គ្នា​យ៉ាងច្រើន​ជាមួយ​សមាជិក​សភា នៃ​បក្ស​ប្រឆាំង ដែល​តែង​លើក​តាំង​សំណួរ​តាមរយៈ​សភា មកកាន់​រាជរដ្ឋាភិបាល មកកាន់​នាយករដ្ឋមន្ដ្រី ឬ​មក​កាន់​រដ្ឋមន្ដ្រី​នានា ប៉ុន្ដែ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ គឺ​មាន​ឱកាស​ធ្វើការ​ផ្ទាល់ ជាមួយ​បណ្ដា​រដ្ឋមន្ដ្រី ធ្វើការ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ដ្រី ហើយ​ធ្វើការ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទៀត​ផង​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​បន្ដទៀតថា «​ដូច្នេះ​ចំណុច​ទាំងនេះ បើទោះបីថា ស្ថានភាព​ពហុបក្ស​មិន​មាន​នៅក្នុង​សភា ក៏​ប៉ុន្ដែ​ស្ថានភាព​ពហុបក្ស​នេះ បែរជា​មក​គៀក​ក្បាល​ម៉ាស៉ីន នៃ​អង្គការ​នីតិប្រតិបត្តិ​តែម្ដង​។ ចំណុច​នេះ​បាន​ក្លាយទៅជា​វប្បធម៌ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​បក្សនយោបាយ ដែល​វា​មិន​ចាំបាច់​ទាល់តែ​ជេរប្រទិច​ផ្ដាស​សា​គ្នា បាន​ហៅ​ថា​បក្សប្រឆាំង​នោះទេ​»​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ការ​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​សង្គម មិនចាំបាច់​ប្រកាន់បក្ស​នយោបាយ​នោះ​តូច ឬ​បក្សនយោបាយ​ធំ​នោះ​ទេ ពោល​វា​អាស្រ័យ​តែ​ទៅលើ​ឆន្ទៈ​តែប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា ក្នុង​រយៈពេល​១៦​ខែ​មកនេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បាន​ចុះ​បំពេញបេសកកម្ម​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​ជាង ៤០០​លើក និង​បាន​ធ្វើ​របាយការណ៍​អម​ដោយ​ភស្តុតាង​លើ​បញ្ហា​នានា ដែល​ខ្លួន​ប្រមូល​បាន​ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន ជិត ២០០​ករណី​។ ក្នុង​របាយការណ៍​ជិត​២០០​នេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទទួល​បានកា​រ​ឆ្លើយតប​ត្រឡប់​មក​វិញ​របស់​ស​ម្តេច​តេជោ​ចំនួន​៣២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.