ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ តាមបណ្តាអង្គភាព ក្រោមអធិបតីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង និងមន្ត្រីជាច្រើនរូបទៀត សរុប ២១០រូប ។
ក្នុងពិធីនេះ មានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង សរុបចំនួន៣០រូប ៖
១. ថ្នាក់ស្នងការរង ចំនួន ២រូប
២. នាយការិយាល័យ ចំនួន ២រូប
៣. អធិការ ចំនួន ១រូប
៤. នាយរងការិយាល័យ ចំនួន ៨រូប
៥. អធិការរង ចំនួន ១៤រូប
៦. នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ៣រូប
និងបំពាក់ឋានន្តរសក្តិ សរុបចំនួន ១១៧រូប ៖
១. ថ្នាក់វរសេនីយ៍ទោ ចំនួន ៣៥រូប
២. ថ្នាក់វរសេនីយ៍ត្រី ចំនួន ៨២រូប
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានធ្វេីការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដោយការខិតខំប្រឹងប្រឹងប្រែងនេះបានធ្វេីអោយបទល្មេីសថយចុះជាច្រេីននៅក្នុងឆ្នាំ២០១៩ បេីធៀបទៅនឹងឆ្នាំ២០១៨ ។
ម្យ៉ាងវិញទៀត ឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីអោយចុះជាប្រចាំក្នុងការណែនាំអប់រំប្រជាពលរដ្ឋទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន ។
ជាពិសេសទៅទៀត មួយរយ:ពេលកន្លងនេះ កងកម្លាំងត្រូវបានសរសើរ និងទទួលស្គាល់ការងារពីសំណាក់ប្រជាពលរដ្ឋ ដោយបានផ្តល់សេវាសាធារណ:បានយ៉ាងល្អ និងឆាប់រហ័សដល់ប្រជាពលរដ្ឋទូទៅ។
ជាកិច្ចបញ្ចប់ ឯកឧត្តមស្នងការ បានធ្វើការណែនាំដល់មន្ត្រីទាំងអស់អោយធ្វើការខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ចខ្លួន នៅក្នុងឆ្នាំថ្មី២០២០ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និងហាត់ប្រាណជាប្រចាំដើម្បីមានសុខភាពល្អ ៕