ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​ព្រោះតែ​អាជីវកម្ម​ជីក​ក​កាយ​ដី​លក់ ធ្វើឱ្យ​ភ្នំ​ជាច្រើន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើរ​បាត់​រូបរាង​អស់​ទៅហើយ​

​កំពតៈ បើ​យើង​ក្រឡេក​មើល​ទិដ្ឋភាព​ភ្នំ​ជាច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​គេ​ជីក​កកាយ​យក​អាចម៍ដី និង​ថ្ម​ធ្វើ​ជា​អាជីវកម្ម ស្ទើរតែ​បាត់​រូបរាង​បែបនេះ យើង​ពិតជា​មាន​ចិត្ត​សង្វេគ​ខ្លាំង​បំផុត ហើយ​ចំពោះ​ករណី​ការជីក​កាយ​រំលើង​យក​អាចម៍ដី​ស្ទើរ​ដល់​កំពូលភ្នំ​ទៅហើយនោះ គេ​មិន​ទាន់​ដឹងថា ក្រុម​អ្នកធ្វើអាជីវកម្ម​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​នោះឡើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ ដែល​រស់នៅ​ក្នុង​ទី​រួម​ខេត្ត​កំពត​បាន​លួច​ទម្លាយ​ថា ភ្នំ​ដែល​កំពុង​រង​ការជីក​កាយ​យក​អាចម៍​ដី និង​ថ្ម​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​កំពត​នោះឡើយ ដូចជា​ភ្នំ​ជប់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ភ្នំ​ត្នោត ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ក្រៅ​ពី​ភ្នំ​ដែល​បាន​បង្ហាញ​ខាងលើ ក៏​មាន​ភ្នំ​មួយទៀត​ដែល​គេ​កំពុង​ធ្វើ​អាជីវកម្ម​យក​អាចម៍ដី​ដឹកជញ្ជូន​លក់​យ៉ាង​ចំហ​ដូច​គ្នា​ដែរនោះ គឺ​ភ្នំ​កកេះ​ប៉ែក​ខាងត្បូង ដោយ​ភ្នំ​កកេះ​នេះ​ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។

​បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ភ្នំ​កកេះ​ដែល​គេ​កំពុង​យក​គ្រឿងចក្រ​មក​ជីក​កកាយ​ស្ទើរ​រលាយ​បែប​នេះ​ក្តី ប៉ុន្តែ​ហាក់​មិនដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​នោះឡើយ​។ ម្យ៉ាង​ទៀត​ក្រុម​រថយន្ត​ដឹកជញ្ជូន​អាចម៍ដី ក៏​បាន​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​ភូមិសាស្ត្រ​នោះ​ផងដែរ ដូច​ជា​ការ​បង្ហុយធូលី​ដី​មាន​សភាព​ហុយ​ទ្រលោម​ចាប់​ពី​ព្រឹក​ដល់​ល្ងាច​ទៀតផង​។

​ប្រភព​ច្បាស់​ការណ៍​ខាងលើ​បាន​បង្ហើប​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ភ្នំ​កកេះ​ត្រូវ​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​យក​ដី​លក់​ស្ទើ​អស់​មួយ​ចំហៀង​ភ្នំ​ទៅ​ហើយ​តែ​ហាក់​ពុំ​ដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ​។ ហើយ​ភ្នំ​ជប់​និង​ភ្នំ​ត្នោត​មាន​ការដ្ឋាន​ចំនួន​៣​កន្លែង គឺ​ការដ្ឋាន​ដឹក​ដី​មួយ​កន្លែង​និង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​មាន​ពីរ​កន្លែង ប៉ុន្តែ​គេ​មិនដឹង​ជា​ក្រុមហ៊ុន​ណា​ខ្លះ​ទេ ដោយ​ការដ្ឋាន​ទាំងបី​នេះ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី និង​ថ្ម នៅ​ចំណុច​ភ្នំ​ខាងលើ​នោះ​។​

​ទាក់ទិន​នឹង​ការជីក​យក​អាចម៍ដី​ស្ទើរ​រលាយ​ភ្នំ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត កន្លងមក​លោក​ប្រធាន​ធ្លាប់បាន​ប្រាប់ អ្នកកាសែត តាម​ទូរស័ព្ទ​ថា តាម​ការពិត អ្នកធ្វើអាជីវកម្ម​យក​ដី​និង​ថ្មភ្នំ​ខាងលើ សុទ្ធតែ​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ការធ្វើ​អាជីវកម្ម​នេះ មាន​អាជ្ញាប័ណ្ណ​ទាំងអស់​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត ក៏បាន​រំលឹក​ដល់​អ្នកកាសែត​ថា សូម​កុំ​ប្រើ​ពាក្យ​ជីក​យក​ដី​ស្ទើ​រលាយភ្នំ​ឱ្យសោះ ព្រោះ​ភ្នំ​និមួយៗ​ដែល​មាន​ច្បាប់​អនុញ្ញាត​សុទ្ធតែ​មាន​រយៈពេល​វែង ពោល​គឺ​អាជ្ញាប័ណ្ណ​មាន​រយៈពេល​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ទើប​ផុត​កាលកំណត់​។​

​ជាមួយគ្នានេះ មជ្ឈដ្ឋាន​ក្នុង​ខេត្ត​កំពត បាន​លើកឡើង​ថា សកម្មភាព​ជី​កកាយ​យក​អាចម៍ដី​ស្ថិត​ចំណុច​ភ្នំ​កកេះ ក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ត្រូវ​ម្ចាស់​គ្រឿងចក្រ​កាយ​យក​ដី​ស្មើនឹង​ចង្កេះភ្នំ​ទៅហើយៗ​គេ​ក៏​ឆ្ងល់​ថា តើ​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​សម្រាប់​ឱ្យធ្វើ​អាជីវកម្ម​នោះ មាន​ដែន​កំណត់​ដែរ​ឬទេ​?៕

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 8224 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.