ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​អូររាំង​

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០២០

​នា​រសៀល​ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០២០ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​អូររាំង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ស្រី វិន ស៊ី​ធួន អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​អាជ្ញាធរ​ស្រុក ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​វិទ្យាល័យ​អូររាំង ។​

​នៅក្នុង​ពិធី​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​នៃ​រដ្ឋបាល​ស្រុក​អូររាំង​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈមការ សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ឱ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ប្រជាពលរដ្ឋ​ក្នុង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិ អំណាច និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាបលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័​ន្ន និង​សមធម៌​សង្គម​។​

​ឯកឧត្តម បាន​បន្ថែមថា ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​នាពេលនេះ​គឺ​:
១- ការគ្រប់គ្រង​រដ្ឋបាល​ស្រុក តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដែល​មាន​លក្ខណៈ​ពេញលេញ ដើម្បី​បង្កើត​ជំរុញ និង​ធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​ន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។ ការបង្កើតឡើង​នូវ​រដ្ឋបាល​ឯកភាព​នៅ​ថ្នាក់ក្រោម​ជាតិ គឺ​សំដៅ​ដល់​ការពង្រឹង​អង្គ​ឯកភាព​របស់​រដ្ឋ ដើម្បី​សម្របសម្រួល​នូវ​រាល់​សកម្មភាព រដ្ឋបាល​សាធារណៈ​នៅក្នុង​ដែនដី​របស់​ខ្លួន​។​
២- ការផ្លាស់ប្តូរ នូវ​ខ្សែ​គណនេយ្យភាព និង​របៀបរបប​នៃ​ការបំពេញ​ការងារ មានន័យ​ថា រដ្ឋបាល​ស្រុក​ជា​តំណាងឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន នៅ​ថ្នាក់​រដ្ឋបាល របស់ខ្លួន ត្រូវ​ដើរតួនាទី ក្នុង​ការសម្របសម្រួល ដឹកនាំ​គ្រប់​សកម្មភាព ឬ​កិច្ច​ការងារ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​រដ្ឋបាល​ស្រុក ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ចំពោះ​វិស័យ​ដែល​ក្រសួង ស្ថាប័ន​នីមួយៗ ទទួលខុសត្រូវ ។ ផ្អែក​តាម​ខ្សែ​គណនេយ្យភាព​ថ្មី​នេះ រដ្ឋបាល​ស្រុក​ជា​ខ្សែបណ្តោយ នៃ​ក្រសួង ស្ថាប័ន នី​មួយៗ ជំនួស​ឱ្យ​ការិយាល័យ​ជំនាញ​ដែល​បាន​រៀបចំ​នា​ពេលកន្លងមក​។ ហេតុនេះ​ក្រសួង ស្ថាប័ន ឬ​មន្ទីរ អង្គភាព​ជំនាញ​នៅ​ថ្នាក់​ខេត្ត ដែល​ត្រូវ អនុវត្ត​សកម្មភាព ឬ​កិច្ច​ការងារ​ណាមួយ​នៅ​ថ្នាក់​ស្រុក គឺ​ត្រូវធ្វើ​កិច្ច​សហការ និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​ស្រុក​ដោយ​ផ្ទាល់​ទៅលើ​វិស័យ ដែល​ស្ថិត​ក្រោម​ការទទួលខុសត្រូវ​របស់ខ្លួន​។​

​ឯកឧត្តម ក៏​បាន​សង្កត់ធ្ងន់ថា ដើម្បី​រួមគ្នា​សម្រេចបាន​នូវ​កិច្ចការ​ខាងលើ​នេះ ចាំបាច់​ត្រូវ​ខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ឲ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច សំដៅ​ការអភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​ឯកឧត្តម អភិបាលខេត្ត ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​បង្កើន​ការថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ត្រូវ​ជំរុញ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​បង្ការ​រួម​គ្នា​ទប់ស្កាត់ បង្ក្រាប​បទល្មើស ជាពិសេស បទល្មើស​គ្រឿងញៀន​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” គេហទំព័រ “​យុវជន​តេជោ​”010859909”

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.