ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ព្រៃឈើ​ដែល​នៅ​សេសស់​ក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ចៀ​សមិន​ផុត​ពី​សេចក្ដី​វិនាស​ដោយ​ស្នាដៃ​មេ​ឈ្មួញ តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​មេ​ឈ្មួញ ង៉ូវ ទី

​ខេត្ត​ពោធិ៍សាត់​: ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ទទួលស្គាល់​ថា​កន្ល​ង​មក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បន្តិចបន្តួច​នៅ​ក្នុង​ស្រុក​វាលវែង ប៉ុន្តែ​ឈ្មួញ​ធំៗ​នៅតែ​អាច​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង យ៉ាង​គឃ្លើន​ដដែល​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល នៅតែ​បន្ត​កើតឡើង​យ៉ាង​គំហុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្នុងនោះ​មេ​ឈ្មួញ តាំង អៀង នៅ​បន្ត​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដើម្បី​ដឹក​ឈើ​ចេញពី​ស្រុក​វាលវែង យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។​

​ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឈ្មោះ ប្រាក់ អ៊ី​ឡេង គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ខ្លាំងក្លា​ជាង​គេ​គឺ​ឈ្មួញ​ឈ្មោះ ណុប ឌី ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា មេ​ឈ្មួញ ណុប ឌី នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពត យ៉ាង​រលូន​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ពី​សំណាក់​សមត្ថកិច្ច​អាវុធហត្ថ​នា​ពេលកន្លងមក គឺជា​រឿង​ដដែលៗ​ព្រោះ​ព្រៃឈើ​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

​ជាក់ស្ដែង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យស្រប​តាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ ផ្ទុយទៅវិញ​ប្រភព​ពី​មន្ត្រី​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ បាន​ទម្លាយ​រួចមកហើយ​ថា​លោក ម៉ៅ ធនិន មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង​សម្រាប់​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់ ទៀតផង​។ ចំណែក​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ធំៗ​ច្រើន​នាក់​ដូចជា មេ​ឈ្មួញ តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​មេ​ឈ្មួញ ង៉ូវ ទី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​៕

taingeang1 taingeang2 taingeang3 taingeang4 taingeang5

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.