សមត្ថកិច្ចចម្រុះជិត១០០នាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំនិងក្តៅគគុក ចុះទៅតំបន់កន្ទុយនាគខេត្តរតនគិរី (ដែលជាតំបន់ឧទ្យានជាតិវីរៈជ័យ) ដើម្បីឈានដល់ការបង្ក្រាបលើក្រុមហ៊ុនវៀតណាម ដែលបានគប់គិតផ្សំគំនិតជាមួយមន្ត្រីមានអំណាចមួយចំនួនប្រចាំខ្សែក្រវ៉ាត់ព្រំដែន និងមន្ត្រីឧទ្យាននុរក្សបរិស្ថាន។
ក្រុមហ៊ុនវៀតណាម បានចូលមកកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល និងធ្វើអាជីវកម្មរ៉ែមាសដោយគ្មានកោតក្រែង ហាក់ដូចជាតំបន់នោះជាទឹកដីរបស់វៀតណាម សំរាប់គេធ្វើអាជីវកម្មផ្តាច់មុខទៅហើយ។
តំបន់នោះពលរដ្ឋខ្មែរត្រូវបានគេហាមឃាត់មិនឲ្យចូលទៅឡើយ ឯជនជាតិវៀតណាមបែរជា មានសិទ្ធិចេញចូលមក កាប់ឈើ យករ៉ែមាស ចាប់សត្វព្រៃ បានយ៉ាងសប្បាយចិត្ត ដោយមានទាំងកម្លាំងប្រដាប់អាវុធខ្មែរឈរចាំការពារសុវត្ថិភាពទៀតផង។ កាលពីដើមខែមករា ឆ្នាំ២០១៩ ដោយសារបែកធ្លាយព័ត៌មានថា នៅតំបន់កន្ទុយនាគមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងមានគ្រឿងចក្រដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងឆ្លងដែននោះ កម្លាំងអាវុធហត្ថជាតិបានចាត់បញ្ជូនមន្ត្រីមួយក្រុមចុះទៅធ្វើការស្រាវជ្រាវជាង១០ថ្ងៃ តែគ្មានព័ត៌មានពីការបង្ក្រាបណាមួយទេ។ ផ្ទុយទៅវិញក្រុមហ៊ុនវៀតណា បានជម្លៀសគ្រឿងចក្ររាប់រយគ្រឿងចេញទៅទឹកដីរបស់គេអស់ ហើយផ្អាកការដឹកឈើឆ្លងដែន។
មកដល់ដើមឆ្នាំ២០២០នេះ ឈើចាស់ពីឆ្នាំមុនរាប់ម៉ឺនកំណាត់ដែលគេបានគរទុកនៅក្នុងដេប៉ូជាច្រើនទីតាំងតាមខ្សែក្រវ៉ាត់ព្រំដែន និងមួយចំនួន នៅរាយប៉ាយតាមដងផ្លូវនានា ដែលក្រុមហ៊ុនវៀតណាមប្រើគ្រឿងចក្រឈូសឆាយផ្លូវខ្វាត់ខ្វែងពីំចំណុចព្រំដែន មកក្នុងដែនឧទ្យានជាតិវីរៈជ័យ ដើម្បីយកឈើទាំងនោះ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ បែកធ្លាយព័ត៌មានថា ក្រុមហ៊ុនវៀតណាមបានចំណាយលុយខ្ទង់លានដុល្លារ ឲ្យមន្ត្រីមានអំណាចខ្មែរម្នាក់យកមករត់ការនាំឈើចាស់ និងកាប់ថ្មីបន្ថែម ដើម្បីនាំចេញទៅខេត្តកន្ទុមប្រទសវៀតណាមបន្តឡើងវិញ តែត្រូវបែកការណ៍ជាថ្មី។
សង្ឃឹមថា ការចុះស្រាវជ្រាវរបស់សមត្ថកិច្ចក្នុងឆ្នាំថ្មីនេះ នឹងរកឃើញភស្តុតាង ឈានដល់ការបង្ក្រាបទ្រង់ទ្រាយធំ និងវែកមុខមន្ត្រីខិលខូចពាក់ព័ន្ធ ចាប់យកមកផ្តន្ទាទោសតាមច្បាប់ទៅចុះ ដែលមិនដូចឆ្នាំមុនស្ងាត់ឈឹងគ្មានដំណឹង! ៕